ប្រភេទអាហារកាត់បន្ថយរោគមហារីកសុដន់





ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ស្ត្រីទាំងឡាយដែលប្រកាន់ យករបប អាហារបែបមេឌីទែរ៉ាណេបុរា អាច នឹងកាត់បន្ថយគ្រោះថ្នាក់កើតរោគ មហារីកសុដន់ក្រោយពេលអស់រដូវ ពោលគឺតិចជាងស្ត្រីដែលប្រកាន់យក ទម្លាប់នៃការហូបអាហារបែបផ្សេង ។

ការស្រាវជ្រាវលើស្ត្រីជនជាតិក្រិកចំនួន ១៤.៨០០ នាក់ ដែលគេចំណាយពេល តាមដានអស់រយៈពេល ១០ ឆ្នាំ បានរកឃើញថាស្ត្រីដែលហូបអាហារតាម បែបអ្នករស់នៅតំបន់មេឌីទែរ៉ាណេត្រូវបានគេពិនិត្យឃើញថា មានឱកាសកើតរោគមហារីកសុដន់តិចជាងអ្នកដែលហូបអាហារមានធាតុផ្សំនៃអាហារមេឌីទែរ៉ាណេតិចតួច ។

ទំនាក់ទំនងនេះត្រូវបានគេឃើញកើតឡើងតែចំពោះស្ត្រីដែលអស់រដូវ ប៉ុណ្ណោះ មិនមែនចំពោះស្ត្រីដែលមាន វ័យក្មេងឡើយ ។ ក្នុងចំណោមស្ត្រីអស់ រដូវ អ្នកដែលហូបអាហារមានធាតុផ្សំនៃអាហារមេឌីទែរ៉ាណេច្រើនបំផុត គឺមាន អត្រា ២២ ភាគរយ តិចជាងស្ត្រីផ្សេងទៀតក្នុងការកើតមហារីកសុដន់នៅក្នុង អំឡុងនៃការស្រាវជ្រាវ ។

ជាទូទៅអាហារមេឌីទែរ៉ាណេសម្បូរទៅដោយត្រី ប្រេងអូលីវ បន្លែ អាហារ ធញជាតិសុទ្ធ សណ្តែកដី បន្លែអន្លក់ និង មានសាច់ក្រហមតិច ។

អ្នកស្រាវជ្រាវបានលើកឧទាហរណ៍ថា ប្រទេសទាំងឡាយដែលរស់នៅក្នុង តំបន់មេឌីទែរ៉ាណេមានអត្រាកើត រោគបេះដូងនិងមហារីកមួយចំនួន ដូចជា មហារីកសុដន់ជាដើមតិចជាង បើធៀបជាមួយនឹងសហរដ្ឋអាមេរិកិ និង បណ្តាប្រទេសដទៃទៀត នៅក្នុងតំបន់អឺរ៉ុប ។

កន្លងមកមានការស្រាវជ្រាវពីរដែលសិក្សាពីទំនាក់ទំនងរវាងការហូបអាហារ បែបមេឌីទែរ៉ាណេ និង មហារីកសុដន់ ដែលការសិក្សាទាំងពីរនោះធ្វើឡើងនៅ ប្រទេសអាមេរិក ។ ការសិក្សាទាំងនោះសុទ្ធតែរកឃើញថា អាហារបែបនេះ អាចកាត់បន្ថយគ្រោះថ្នាក់មហារីកសុដន់ ។

ចំពោះការសិក្សាថ្មីបំផុតនេះ អ្នកស្រាវជ្រាវបានធ្វើលើស្ត្រីនៅក្នុងប្រទេស ក្រិក ។ នៅពេលចាប់ផ្តើមនៃការស្រាវជ្រាវ អ្នកចូលរួមនៅក្នុងការស្រាវជ្រាវ បំពេញនូវកម្រងសំណួរដែលសួរលម្អិតអំពីអាហាររបស់ពួកគេ ហើយផ្តល់ ព័ត៌មានអំពីទម្លាប់នៃការរស់នៅ និង ព័ត៌មានប្រជាសាស្ត្រផងដែរ ។

ស្ត្រីទាំងអស់ត្រូវបានគេផ្តល់ពិន្ទុ ០ ដល់ ៩ ទៅតាមទម្លាប់នៃការហូប អាហារដែលមានធាតុផ្សំនៃអាហារមេឌីទែរ៉ាណេ ដែលក្នុងនោះរួមមាន បន្លែ ផ្លែឈើ បន្លែអន្លក់ អាហារធញជាតិ ត្រី ប្រេង អូលីវ និង ការកំណត់ការ ហូបនូវសាច់ក្រហម ជាដើម ។

ក្នុងចំណោមស្ត្រីចំនួន ១៤.៨០០ នាក់ ដែលគេបានតាមដានជាមធ្យមមាន រយៈពេលដល់ទៅ ១០ ឆ្នាំនោះគឺមានស្ត្រីចំនួន ២៤០ នាក់ ត្រូវបានធ្វើការ វិនិច្ឆ័យឃើញមានរោគមហារីកសុដន់ ។

ជាទូទៅស្ត្រីអស់រដូវដែលពិន្ទុនៃអាហារមេឌីទែរ៉ាណេរបស់ពួកគេនៅចន្លោះ ពី ៦ ទៅ ៩ គឺមានអត្រាតិចជាងគេ ២២ ភាគរយក្នុងការកើតរោគមហារីកសុដន់ បើធៀបជាមួយស្ត្រីដែលពិន្ទុនៃអាហារមេឌីទែរ៉ាណេរបស់ពួកគេនៅចន្លោះ ពី ០ ទៅ ៣ ។ លទ្ធផលនេះក៏មានរួមបញ្ចូលនូវកត្តាមួយចំនួនផ្សេងទៀតដូចជា អាយុ ការអប់រំ ប្រវត្តិជក់បារី ទម្ងន់ និង ទម្លាប់នៃការធ្វើលំហាត់ប្រាណរបស់ អ្នកចូលរួមផងដែរ ៕
Back to Top