វិធីបួនយ៉ាងសំរាប់ទប់ទល់បុរសចិត្តសាវា

ចិត្តសាវាថ្វីដ្បិតតែពុំមែន ជាវិជ្ជាជីវៈរបស់ បុរសៗក្តី ប៉ុន្តែវាអាចជាវិជ្ជាឯកទេស របស់ពួកគេទើបត្រឹមត្រូវជាង ។ បើតាម ការប្រៀបធៀបបុរសចិត្តសាវាមានអត្រា ច្រើនជាងស្ត្រីចិត្តសាវាបន្តិច ។ ដូច្នេះសម្រាប់រូបអ្នកជាស្ត្រីភេទ តើត្រូវរកវិធីណា សម្រាប់ទប់ទល់ជាមួយបុរសចិត្តសាវាដែលនៅក្បែរៗខ្លួនអ្នក ? នេះគឺជាប្រធានបទមួយ ដ៏សំខាន់ណាស់ ពីព្រោះបើ ចាត់ចែងបានសមស្របនាះ គឺអ្នកនឹងបានឈ្នះដោយអាចដណ្តើមយកបេះដូងរបស់មិត្តប្រុសត្រឡប់មកវិញ ។ ប៉ុន្តែ បើចាត់ចែងពុំបានសមស្របទេគឺអ្នកជានិច្ចកាលត្រូវស្រែកច្រៀងចម្រៀង “រង់ចាំអផ្សុករហូតទល់ញក់កណ្តាលអធ្រាត្រ... ” ។
ប្រសិនបើចង់ចាត់ការឱ្យជ្រះស្រឡះនូវបុរសចិត្តសាវានោះដំបូងអ្នកត្រូវស្វែងយល់ឱ្យបានច្បាស់លាស់ពីមូលហេតុ ដែលចិត្តសាវារបស់ពួកគេ ហើយក៏មិនខុសប្លែកពីលោកគ្រូពេទ្យម្នាក់ដែលពុំទាន់បានចេញវេជ្ជបញ្ជាមុននឹងពិនិត្យ អាការរោគរបស់អ្នកជំងឺនោះដែរ ។
១- ចិត្តសាវាតែសម្បកក្រៅ
ចំពោះបុរសប្រភេទនេះគឺចូលចិត្តដើរតួជាបុរសមានមន្តស្នេហ៍ ដោយជារឿយៗរមែងតែបានបញ្ចេញ ឫកញហាក់បីដូចជាខ្លួនមានចិត្តសាវានៅចំពោះមុខអ្នកផងទាំងឡាយ ជាពិសេសក្នុងពេលដែលប្រពន្ធ ឬ មិត្តស្រីអវត្តមាននៅទីនោះគឺរឹតតែហោះហើរឆ្វេចឆ្វាចចុះឡើងដូចជាហ្វូងសត្វមេអំបៅក្រេបលម្អងផ្កា ។ ប៉ុន្តែចំពោះចិត្តសាវារបស់ពួកគេទាំងនោះ គឺគ្រាន់តែបង្ហាញនូវកាយវិការម៉្យាង និង ចង់សម្តែងចេញឱ្យគេ ឃើញថាខ្លួនជាបុរសសម្បូរស្នេហ៍តែប៉ុណ្ណោះ ហើយពុំមែនមានចិត្តចង់ប្រមាញ់ចាប់យកមកធ្វើជាចំណី អាហារឱ្យឆ្ងាញ់មាត់នោះឡើយ ។ ដូច្នេះចំពោះស្ត្រីភេទទាំងឡាយដែលនៅកៀកកើយក្បែរពួកគេទាំងនោះ ចូរកុំមានការភ័យស្លន់ស្លោឱ្យសោះ ព្រោះត្រូវចេះឃ្លាំមើលនិងចេះតាមដានទាំងយប់ទាំងថ្ងៃ ពីព្រោះក្រោយ ពីពួកគេទាំងនោះបានបញ្ចប់នូវភាពភ្លើតភ្លើនរួចមក គឺពិតជាអាចវិលត្រឡប់មករស់នៅក្បែរខ្លួនអ្នក វិញជាក់ជា មិនខាន ។
២-ចិត្តសាវាជាទម្លាប់អាក្រក់
បុរសចិត្តសាវាប្រភេទនេះគឺមានទម្លាប់អាក្រក់ម៉្យាងដែលជារឿយៗ ត្រូវតែទាក់ទងស្គាល់ជាមួយនឹងស្ត្រី ភេទដែលខ្លួនមិនទាន់ស្គាល់គ្នា ដោយចង់បាននូវអ្វីដែលស្រស់ថ្មី ប្លែកមាត់ ។ ពួកគេមិនប្រាកដក្នុងចិត្តថា តើ ត្រូវតែចាកចេញពីមិត្តស្រីចាស់ឬក៏យ៉ាងណានោះឡើយ ? ប៉ុន្តែប្រសិនបើបានជួបនឹងស្ត្រីថ្មីដែលគួរឱ្យចាប់ចិត្តនោះគឺពួកគេនឹងបញ្ចេញស្នៀតតាមសុំស្នេហ៍ជាក់ជាមិនខាន ។
តាមពិតទៅ ពួកគេទាំងនោះប្រៀបដូចជាសត្វសេះព្រៃមួយក្បាលដែលពុំទាន់បានពង្រាប ហើយដើរស៊ីស្មៅ ពាសវាលពាសកាលនោះគឺជាចរិតលក្ខណៈពីកំណើត ។ ដូច្នេះប្រសិនបើ រូបអ្នកជាមិត្តស្រីរបស់ពួកគេ គឺអ្នកមានតែពីរករណីប៉ុណ្ណោះក្នុងការជ្រើសរើស ៖ ១- ត្រូវឆាប់ចាកចេញពីគេនិងបំភ្លេចគេចោល ។ ២- ត្រូវទទួលយកនូវអត្ត- ចរិតដ៏ចម្លែកនេះហើយរក្សាភាពស្ងៀមស្ងាត់ដើម្បីរង់ចាំឱ្យគេវិលត្រឡប់មកវិញដោយឯកឯង ។
៣- ចិត្តសាវាតាមការអូសទាញ
គេតែងនិយាយថា“ក្នុងពេលដែលរាងកាយរបស់បុរសប្រែក្លាយទៅជារឹងប៉ឹង គឺចិត្តគំនិតរបស់បុរសនោះ​អាចប្រែក្លាយទៅជាទន់ជ្រាយ” ។ តាមពិតទៅគេ ជាបុរសដែលជាស្វាមី ឬ មិត្តប្រុសដ៏ល្អវិសេសវិសាលមួយរូប ប៉ុន្តែក្រោយពីបានសេពគប់ជាមួយនឹងមិត្តភក្តិខិលខូចមួយចំនួន ឬក៏ស្រាប់តែបានជួបប្រទះ នឹងនារីនៅលីវមួយ​រូបដែលតាមសុំស្នេហាពីរូបគេ ។ ដូច្នេះចំពោះបុរសចិត្តទន់ជ្រាយនេះគឺប្រាកដជាលើកទង់ជ័យសសុំចុះចាញ់​និងបានក្លាយជាជនក្បត់នឹងភរិយា ឬ មិត្តស្រីមួយរំពេច ។
ដើម្បីទប់ទល់នឹងបុរសចិត្តសាវាប្រភេទនេះ អ្នកត្រូវចេះសង្កេតតាមដានពីមនុស្សដែលនៅ ក្បែរៗខ្លួនគេ ឬក៏យកចិត្តទុកដាក់ពីទីកន្លែងដែលបុរសនោះចូល ចិត្តទៅកម្សាន្តជារៀងរាល់ថ្ងៃ ។ ម៉្យាងទៀតក៏ត្រូវចេះសង្កេត ​មើលពីចរិតលក្ខណៈរបស់បុរសនោះមានការប្រែប្រួលភ្លាមៗដូចជានៅពេលបានឮសំឡេងទូរស័ព្ទរោទ៍ស្រាប់តែ​ទៅលបលួចស្តាប់នៅតាមកន្លុកកន្លៀតកៀនកោះ ។ ម៉្យាងទៀតតាមធម្មតាជាមនុស្សពុំសូវចេះតុបតែងកាយឡើយ ប៉ុន្តែនាពេលថ្មីៗនេះស្រាប់តែចេះតុបតែងកាយស្អាតបាត ហើយមុននឹងចេញពីផ្ទះមានបាញ់ទឹកអប់ក្រអូបឈ្ងុយទៀតផង ។ ដូច្នេះចំពោះរូបអ្នកដែលជាភរិយា ឬ ជាមិត្តស្រីនោះត្រូវយកចិត្តទុកដាក់ឱ្យមែនទែន ។
៤- ចិត្តសាវាឃើញភ្លាមស្រឡាញ់ភ្លែត
បុរសចិត្តសាវាប្រភេទនេះគឺគ្រោះថ្នាក់ជាទីបំផុត ហើយក៏ពិបាកស្រោចស្រង់ជាទីបំផុតដែរ ។ តាមពិត​ទៅបុរសចិត្តសាវាទាំងនោះគឺជាមនុស្សមានចិត្តស្មោះត្រង់ជារៀងរហូតមក ដោយពុំចេះប្រើពាក្យសម្តីឡែបខាយ​ដាក់អ្នកដទៃ ឬក៏បែកចិត្តដោយងាកទៅរកដៃគូថ្មីដែរ ព្រោះពួកគេគោរពស្នេហានិងយកចិត្តទុកដាក់ចំពោះស្នេហា ។ ដូច្នេះពុំបានចាត់ទុកថាស្នេហាគឺជាល្បែងលេងសើចឡើយ ប៉ុន្តែកាលដែលមានចិត្តសាវានោះក៏ផ្តើមចេញពីការ​ឃើញភ្លាមស្រឡាញ់ភ្លែត និងងប់ងល់ក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ ។
ដូច្នេះប្រសិនបើចង់ការញរមិនឱ្យចិត្តសាវាបែបនេះកើតឡើងនោះ មានតែមធ្យោបាយតែម៉្យាងគត់ ដោយ​ត្រូវស្រឡាញ់រូបគេឱ្យកាន់តែខ្លាំងថែមទៀត និង ចេះរកវិធីគ្រប់គ្រងរូបគេឱ្យកាន់តែល្អប្រសើរឡើង ពីព្រោះបុរស​ប្រភេទនេះប្រៀបដូចជាភ្នំភ្លើងមួយដែលកំពុងតែសំងំដេកលង់លក់ហើយក្នុងថ្ងៃណាមួយដែលវាផ្ទុះឡើង គឺផលវិបាក​ទៅថ្ងៃក្រោយនឹងកើតមានឡើងដែលពុំអាចពណ៌នាបានឡើយ ៕
Back to Top