អសមត្ថភាពផ្លូវភេទ និង អាយុ


សមត្ថភាពផ្លូវភេទតើជាបញ្ហាពាក់ព័ន្ធនឹងអាយុឬ ? តើជាការពិតឬទេដែលថាបុរសគ្រប់រូបនឹងជួបនូវបទពិសោធ អសមត្ថភាពផ្លូវភេទ ដែលទាក់ទងនឹងអាយុនៅពេលណាមួយ ?
នៅពេលយើងស្ថិតនៅក្នុងវ័យក្មេង ជីវិតជាទូទៅមិនជាសូវស្មុគស្មាញទេ ។ ប៉ុន្តែនៅពេលអាយុកាន់តែច្រើន យើងមាន និន្នាការ មានបញ្ហាស្ត្រេសផ្លូវចិត្តនិង រាងកាយកាន់តែច្រើនដែលត្រូវដោះស្រាយ ជាលទ្ធផលភាពរីករាយផ្លូវភេទដែលយើងធ្លាប់ទទួលបាន ប្រហែលជាមិនអាចកើតមានញឹកញាប់ ឬ ដោយឯកឯងដូចកាលយើងធ្លាប់ទទួលបាននោះទេ ។ នេះគឺប្រាកដណាវាមិនពិតជាអ្វី ដែលយើងកំពុងនិយាយអំពីអសមត្ថភាពផ្លូវភេទ ដែលជាបញ្ហាមួយ ដែលប៉ះពាល់លើបុរសភាគច្រើនក្នុងកម្រិតផ្សេងៗគ្នានៅពេល ណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ ។
អសមត្ថភាពផ្លូវភេទអាចប្រែប្រួលតាមគំនិតរបស់វា ដោយបុរសខ្លះមិនអាចឡើងរឹងនៃលិង្គតែម្តង ខណៈពេលដែល បុរសខ្លះ មានសមត្ថភាពមិនទៀងទាត់ក្នុងការឡើងរឹង ឬ រក្សាការឡើងរឹង ។ ប៉ុន្តែមិនថានៅក្នុងកម្រិតណាមួយនោះទេ អសមត្ថភាពផ្លូវភេទ បានរារាំងភាពពេញចិត្តផ្លូវភេទរបស់បុរស និង ជាញ្ញឹកញ្ញាប់របស់ដៃគូបុរសនោះផងដែរ ។
ទោះជាបញ្ហាអសមត្ថភាពផ្លូវភេទមាននិន្នាការកាន់តែខ្ពស់នៅពេលបុរសមានអាយុកាន់តែច្រើននោះក៏ដោយ វាមិនមែនជាផល វិបាកដែលទាក់ទងនឹងវ័យហើយដែលមិនអាចចៀសវាងបាននោះទេ ។
អសមត្ថភាពផ្លូវភេទភាគច្រើនបំផុតមិនត្រូវបានកំណត់រោគវិនិច្ឆ័យ ឬ បានដឹងឡើយ ព្រោះថាបុរសភាគច្រើនមិនធ្វើ ការពិភាក្សាបញ្ហានេះជាមួយគ្រូពេទ្យទេ ។ យើងដឹងយ៉ាងច្បាស់ថា ឈានដល់អាយុ ៤៥ ឆ្នាំ បុរសភាគច្រើនជួបនូវបទពិសោធ អសមត្ថភាពផ្លូវភេទក្នុងកម្រិតណាមួយជាបណ្តោះអាសន្ននៅពេលណាមួយ ។ បុរសខ្លះនឹងលែងមានបញ្ហាទាំងនេះ នៅពេលក្រោយមកហើយជីវិតផ្លូវភេទក៏ត្រឡប់ទៅរកភាពធម្មតាឡើងវិញ ។ ប៉ុន្តែចំពោះបុរសរាប់លាននាក់ផ្សេងទៀត ដែលមានបញ្ហានេះជាប់រហូតវាបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដោយបណ្តាលឱ្យមានវិបត្តិផ្លូវចិត្ត និង បំផ្លាញសម្ពន្ធភាព ជាមួយដៃគូ ។
កត្តាមួយចំនួនដែលនាំទៅដល់ការកើតមានបញ្ហាអសមត្ថភាពផ្លូវភេទ ៈ
* កត្តាវេជ្ជសាស្ត្រ និង កត្តាសង្គម
- អ្នកកើតជំងឺទឹកនោមផ្អែម (ជាពិសេសប្រសិនបើជំងឺនេះមិនត្រូវបានត្រួតពិនិត្យ និង ព្យាបាលឱ្យបានត្រឹមត្រូវ
- ជំងឺបេះដូងសរសៃឈាម (ជំងឺលើសឈាម, ជំងឺរឹងក្រិនសរសៃឈាម)
- ផលប៉ះពាល់បន្ទាប់បន្សំ ដែលប្រើថ្នាំពេទ្យមួយចំនួន
- ការរងរបួសដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅឆ្អឹងខ្នង
- ធាត់លើសទម្ងន់
- សុខភាពរាងកាយចុះខ្សោយ
- អស់កម្លាំង
- ផលវិបាកបញ្ហាមកពីការជក់បារី (ជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃ ធ្វើឱ្យមានការកើតបញ្ហាអសមត្ថភាពផ្លូវភេទ ៤០ ភាគរយ ខ្ពស់ជាងអ្នកមិនជក់) ។
- ការប្រើប្រាស់សារធាតុមួយចំនួន (កញ្ឆា, ហេរ៉ូអ៊ីន, កូកាអ៊ីន និង សារធាតុអាល់កុល ឬ សុរា) ។
* កត្តាចិត្តសាស្ត្រ
- ការពិបាកចិត្ត
- ការផិតក្បត់
- បញ្ហានៅក្នុងទំនាក់ទំនង
- ការព្រួយបារម្ភ
- ស្ត្រេសខួរក្បាល
* ដំណោះស្រាយ
ចូរកុំទទួលយកនូវបញ្ហាទាំងនេះទាំងស្ងាត់ស្ងៀម ឬ ដកខ្លួនពីដៃគូរបស់អ្នក ។ ការធ្វើបែបនេះជាលទ្ធផលមានតែការ ឈឺចាប់និងការយល់ច្រឡំប៉ុណ្ណោះ។ ជាជំនួសមកវិញត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។ ចូរមានភាពស្មោះត្រង់ ក្នុងការពិភាក្សាជាមួយគ្រូពេទ្យ ។
ដោយសារអសមត្ថភាពផ្លូវភេទដែលអាចបណ្តាលមកពីហេតុផលផ្សេងៗជាច្រើននោះ ការព្យាបាលត្រូវមានលក្ខណៈពិសេស ដោយឡែកៗចំពោះមនុស្សម្នាក់ៗ ។ វាអាចរួមមានការព្យាបាលយ៉ាងសាមញ្ញ ដូចជា ហាត់ប្រាណ, ឈប់ជក់បារី, កាត់បន្ថយសុរា រហូតដល់ការប្រើប្រាស់ថ្នាំជំនួយដល់សមត្ថភាពផ្លូវភេទ ឬ គ្រាន់តែព្យាបាលចិត្តសាស្ត្រ ឬ បូករួមផ្សំវិធី ទាំងនេះបញ្ចូលគ្នា ។
ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ចូរកុំបោះបង់ចោល ឬ មានអារម្មណ៍ថា ជីវិតផ្លូវភេទរបស់អ្នកត្រូវបញ្ចប់នោះទេ ។ ក្នុងករណីភាគច្រើនបំផុតវិធានការសាមញៗ អាចជួយធ្វើឱ្យប្រសើរឡើងនូវជីវិតផ្លូវភេទ ក៏ដូចជាទំនាក់ទំនងរបស់អ្នក និង ដៃគូ ៕
Back to Top