កម្រិតអាំងស៊ុយលីនខ្ពស់ បង្កើនគ្រោះថ្នាក់ កើតរោគមហារីកសុដន់



ការស្រាវជ្រាវថ្មីមួយបានរកឃើញថាស្ត្រីអស់រដូវហើយមានកម្រិតជាតិអាំងសុយលីនខ្ពស់អាចប្រឈម មុខនឹងការកើតរោគមហារីកសុដន់ ។ ក្រុមអ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យពេទ្យអាល់បឺតអ៊ិនស្តិន នៃសាកលវិទ្យាល័យយេស៊ីវ៉ា (Yeshiva University) នៅក្នុងទីក្រុងញូវយ៉កបានរកឃើញថាមានទំនាក់ ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកម្រិតខ្ពស់នៃអាំងសុយលីននិងការកើនឡើងគ្រោះថ្នាក់កើតជំងឺមហារីកសុដន់ ។
លោក ជេហ៊្វ្រី កាបាត (Geoffrey Kabat) អ្នកដឹកនាំការស្រាវជ្រាវនិងជាអ្នកជំនាញជាន់ខ្ពស់ខាងរោគរាត ត្បាតធ្វើការនៅនាយកដ្ឋានសិក្សា ពីរោគរាតត្បាតនិងសុខភាពប្រជាជនក្នុងមហាវិទ្យាល័យអាល់បឺត អុនស្តិន បាននិយាយថា“រហូតមកដល់ពេលនេះមានការសិក្សាតិចតួចណាស់ដែលធ្វើការត្រួតពិនិត្យដោយផ្ទាល់ ចំពោះករណីថាតើកម្រិតអាំងស៊ុយលីនមានជាប់ញក់ព័ន្ធនឹងការរោគមហារីកសុដន់ឬក៏អត់?” ។
លោកបានបន្តថា“ការសិក្សារបស់យើងបានធ្វើការវិភាគនូវការវាស់ស្ទង់កម្រិតអាំងស៊ុយលីនជា ច្រើនដងដោយចំណាយពេលជាច្រើនឆ្នាំហើយដោយសារតែហេតុ នេះវាផ្តល់នូវរូបភាពដែល មានភាពប្រាកដប្រជាច្រើនជាងមុននៃទំនាក់ទំនងគ្នារវាងកម្រិតអាំងស៊ុយលីននិងការកើតរោគមហារីក” ។
ក្រុមរបស់លោក ជេហ៊្វ្រី កាបាត បានធ្វើការពិនិត្យនូវទិន្នន័យដែលគេបានសិក្សាលើស្ត្រីចំនួន ៥.៤៥០ នាក់ដែលបានចូលរួមក្នុងកម្មវិធីគំនិតផ្តួចផ្តើមទាក់ទងនឹងសុខភាពស្ត្រីដែលវាជាការសិក្សាមួយដ៏ធំដែល ពិនិត្យមើលថាតើកត្តាមួយចំនួនបានជះឥទ្ធិពលលើសុខភាពស្ត្រីដោយរបៀបណា ?
ក្រុមស្រាវជ្រាវនេះបានរកឃើញថាស្ត្រីដែលមានជាតិអាំងស៊ុយលីនខ្ពស់បំផុតនៅក្នុងកម្រិតទី ៣ មាន អត្រាខ្ពស់ជាងពីរដងនៅក្នុងការកកើតជំងឺមហារីកសុដន់បើប្រៀបធៀបជាមួយស្ត្រីដែលមានជាតិ អាំងស៊ុយលីនស្ថិតនៅក្នុងកម្រិតទាបបំផុតកម្រិតទី ៣ ។ អ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា ការជាប់ញក់ព័ន្ធរវាងកម្រិតអាំងស៊ុយលីននិងជំងឺមហារីកសុដន់កាន់តែមានភាពប្រាកដប្រជាចំពោះ ស្ត្រីដែលស្គមជាងស្ត្រីដែលធាត់ព្រោះស្ត្រីដែលធាត់ជាធម្មតាមានកម្រិតអាំងស៊ុយលីនខ្ពស់ ។
លោក ជេហ៊្វ្រី កាបាត បាននិយាយថា “លទ្ធផលនៃការស្រាវជ្រាវមានសារសំខាន់ណាស់ ព្រោះវាបង្ហាញថាចំពោះស្ត្រីដែលអស់រដូវជាតិអាំងស៊ុយលីនប្រហែលជាកត្តាគ្រោះថ្នាក់ដែលនាំឱ្យ កើតមហារីកសុដន់ដោយវាមិនញក់ព័ន្ធនឹងការធាត់ជ្រុល នោះទេ” ។
ការស្រាវជ្រាវត្រូវបានគេបន្តធ្វើទៅទៀត ប៉ុន្តែលោកកាបាត បានណែនាំថាស្ត្រីដែលអស់រដូវទាំងអស់ គួរតែព្យាយាមរក្សាកម្រិតអាំងស៊ុយលីនរបស់ ខ្លួនឱ្យនៅថេរធម្មតាតាមរយៈការសម្រកទម្ងន់ការ ហាត់ប្រាណឱ្យបានទៀងទាត់និងតាមមធ្យោបាយដទៃៗទៀត ៕
Back to Top