អាការនៃរោគពោះវៀនដុះខ្នែង


ពោះវៀនដុះខ្នែងជាប្រភេទរោគឈឺ ពោះទាន់ហន់មួយដែលកើតមាន ច្រើនបំផុត ដោយគេឃើញកើតមានចំពោះមនុស្ស ដែលស្ថិត ក្នុងវ័យមិនលើសពី ៣០ ឆ្នាំ មិនចំពោះថា ស្រី ឬ ប្រុសទេ ។

មូលហេតុគឺបណ្តាលមកពីការកកស្ទះ របស់ខ្នែងពោះវៀនដោយសារលាមក រឹង សត្វល្អិត ឬ មានដុំសាច់ដុះ ដែលជាហេតុធ្វើឱ្យ វាទៅកកស្ទះ ហើយកើតអាការ រលាក ។ ដោយអ្នកជំងឺភាគច្រើនមានអាការឈឺពោះ ប្រាប់កន្លែងឈឺពិតប្រាកដ មិនបាន ជួនកាល វាឈឺជុំវិញ្ញផ្ចិត ឈឺមួយឆាវៗ ឬ ឈឺរហូតក៏មានដែរ ប៉ុន្តែជាទូទៅ ច្រើនតែឈឺរហូត បន្ទាប់មកអាការឈឺចាប់ផ្តើមប្តូរទីតាំងទៅឈឺ នៅត្រង់ថ្ងាសខាង ស្តាំ ហើយអាចមានគ្រុនក្តៅតិចៗផងដែរ ។ អ្នកជំងឺខ្លះអាចមានអាការមិនដូច ដែលរៀបរាប់ខាងលើ វាអាស្រ័យ ទៅលើទីតាំងរបស់ខ្នែងពោះវៀន ដូចជាអាច ឈឺពោះខាងស្តាំលើ ឬ ឈឺចំកណ្តាលក៏មានដែរ បើចុងរបស់ខ្នែងពោះវៀនវែង ទៅដល់បរិវេណនោះ ។

ចំណែកការព្យាបាលពោះវៀនដុះខ្នែង គេអាចធ្វើបានដោយការវះកាត់ ។ ចំពោះអ្នកជំងឺដែលខ្នែងពោះវៀនបែក គ្រូពេទ្យនឹងឱ្យថ្នាំអង់ទីប៊ីយោទិករួមផង ហើយប្រសិនបើមិនបានទទួលការព្យាបាលឱ្យបានត្រឹមត្រូវទាន់ពេលវេលា វាអាច កើតរោគឱកាសនិយម ដូចជាខ្នែងពោះវៀនក្លាយជាបូសក្នុងពោះ ត្រូវវះកាត់ចេញ ឬ ខ្នែងពោះវៀនបែក មានចេញខ្ទុះក្នុងពោះ ជាហេតុធ្វើឱ្យបាត់បង់ជីវិត ។

ដូច្នេះប្រសិនបើផ្តើមដំបូងមានអាការឈឺពោះដោយមិនដឹងមូលហេតុ សូមកុំ អាលទទួលទានថ្នាំបំបាត់ឈឺចាប់ ត្រូវទៅជួប គ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យសិន ពីព្រោះការទទួលទានថ្នាំបំបាត់ឈឺចាប់ ធ្វើឱ្យគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យដោយ សារតែថ្នាំ បិទបាំងអាការឈឺ ជាពិសេសប្រសិនបើឈឺពោះជាប់ៗគ្នាលើសពី ៦ ម៉ោង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ពីព្រោះភាគច្រើន បើមិនកើតពោះវៀនដុះខ្នែង ក៏ច្រើនតែជាអាការកំណាចផ្សេងៗដែរ ៕
Back to Top